កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុនខនហ្វីរេលបានចូលរួមពិព័រណ៍ SIAL Paris ដែលជាពិព័រណ៍ឧស្សាហកម្មម្ហូបអាហារដ៏ធំជាងគេនៅលើពិភពលោក។ ក្នុងអំឡុងពេលប្រាំថ្ងៃ មានអ្នកជំនាញប្រមាណជាង ២៨៥.០០០នាក់ មកពីគ្រប់ទិសទីនៅលើសកលលោក បានចូលរួមក្នុងពិព័រណ៍នេះ ដើម្បីផ្តោះប្តូរបទពិសោធគ្នាទៅវិញទៅមកជុំវិញនិន្នាការថ្មីៗ ចុងក្រោយនេះ ជុំវិញការច្នៃប្រឌិតថ្មីៗផ្នែកចំណីអាហារ និងស្វែងយល់ពីដំណោះស្រាយទៅថ្ងៃអនាគតចំពោះបញ្ហាប្រឈមធំៗផ្នែកចំណីអាហារនៅពេលខាងមុខ។
ក្នុងឱកាសនោះដែរ ក្រុមការងាររបស់យើងបានណែនាំផលិតផលខ្មែរសុទ្ធសាធរបស់យើងទៅកាន់អ្នកចូលទស្សនា ជាពិសេសផលិតផលម៉ាក Thnot និងម៉ាក Kirum ហើយទទួលបានចំណាប់អារម្មណ៍ និងការឆ្លើយតបជាវិជ្ជមានពីសំណាក់អតិថិជនមកពីសកលលោក។ នេះជាឱកាសថ្មីមួយសម្រាប់ការនាំចេញរបស់ក្រុមហ៊ុនខនហ្វីរេលបន្ទាប់ពីព្រឹត្តិការណ៍នេះ។ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដែលជាស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន មានវត្តមាននៅទីនោះ និងបានណែនាំដោយផ្ទាល់ពីផលិតផលរបស់យើងទៅកាន់ភ្ញៀវដែលចូលទស្សនាស្តង់របស់យើង។
រៀបចំឡើងដោយក្រុមហ៊ុន Comexposium ពិព័រណ៍ SIAL Paris ជាបណ្តាញមួយនៃ SIAL Network ដែលជាបណ្តាញដ៏ធំជាងគេនៅលើសកលលោកផ្នែកពិព័រណ៍ចំណីអាហារ និងភេសជ្ជៈ។ ឆ្នាំនេះ SIAL Paris ប្រមូលបានក្រុមហ៊ុនដែលបោះស្តង់ពិព័រណ៍ចំនួន៧.៥០០ ក្រុមហ៊ុន មកពី ១២៧ ប្រទេស រៀបចំនៅលើផ្ទៃដីប្រមាណជាង ២៧០.០០០ ម៉ែត្រការ៉េ គឺស្មើនឹងផ្សារទំនើបដ៏ធំចំនួន១០០។ ផលិតផលជាង ៤០០.០០០ ត្រូវបានដាក់តាំងពិព័រណ៍។ ការច្នៃប្រឌិតថ្មីៗផ្នែកចំណីអាហារទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង បានឆ្លុះបញ្ចាំងពីនិន្នាការទៅថ្ងៃអនាគត និងឆ្លើយតបទៅនឹងតម្រូវការដែលកាន់តែកើនឡើងរបស់អ្នកប្រើប្រាស់ទាក់ទិននឹងបញ្ហាសុខភាព និរន្តរភាព និងភាពសាមញ្ញនៃផលិតផល។
SIAL Insights ដែលជាការសិក្សាមួយធ្វើឡើងដោយពិព័រណ៍នេះដោយសហការជាមួយដៃគូរបស់ខ្លួនដើម្បីសិក្សាទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ និងនិន្នាការនៃការច្នៃប្រឌិតចំណីអាហារ និន្នាការនៃការបរិភោគអាហារក្រៅផ្ទះ និងនិន្នាការនៃការលក់ផលិតផលដល់ដៃអ្នកប្រើប្រាស់ផ្ទាល់នៅលើសកលលោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃចំណីអាហារក្នុងជីវិតរបស់មនុស្សទូទៅ។ ការសិក្សានេះបានឱ្យដឹងថា អ្នកប្រើប្រាស់ចង់បានបីចំណុចសំខាន់ៗគឺ ទីមួយការរំភើប (អារម្មណ៍រំភើបនៅពេលភ្លក់អាហារដើម្បីស្វែងរករសជាតិដែលមិនអាចបំភ្លេចបាន) ទីពីរទំនាក់ទំនង (ការវិលមកវិញនៃបរិយាកាសបែបស្និទ្ធស្នាលបន្ទាប់ពីការផ្តាច់ទំនាក់ទំនងមួយរយៈក្នុងអំឡុងកូវីដ) និងទីបីគឺការយកចិត្តទុកដាក់ (ទំនាក់ទំនងរបស់យើងជាមួយចំណីអាហារដើម្បីថែរក្សាខ្លួនយើង អ្នកដទៃ និងភពផែនដី)៕